- Thursday, 15 August 2013មាស សុខជា និង Shane Worrell PPP
លោក Philip Sen
មន្រ្តីទំនាក់ទំនងនៅការិយាល័យនៃអ្នកសម្របសម្រួលប្រចាំអង្គការ
សហប្រជាជាតិ បានថ្លែងកាលពីម្សិលមិញថាលោក សម រង្ស៊ី
ដែលបានទៅចូលរួមពិធីមង្គលការកូនស្រី
នៅសហរដ្ឋអាមេរិកបានឆ្លៀតជួបជាមួយមន្រ្តីអង្គការសហប្រជាជាតិកាល
ពីថ្ងៃចន្ទ។ ជំនួបនោះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពី គ.ជ.ប
បានប្រកាសលទ្ធផលបោះឆ្នោតបឋមដែលគាំទ្រការអះអាងជ័យជម្នះ
របស់គណបក្សប្រជាជនកម្ពុជា លើលទ្ធផល ៦៨ អាសនៈទល់នឹង ៥៥ អាសនៈ។
ក្នុងអ៊ីមែលលោក Philip Sen តបមកភ្នំពេញ ប៉ុស្តិ៍
លោកមិនបង្ហាញសេចក្តីលម្អិតជុំវិញ
«មន្រ្តីជាន់ខ្ពស់ពីនាយកដ្ឋានកិច្ចការនយោបាយរបស់អង្គការ
សហប្រជាជាតិ បានជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
កាលពីថ្ងៃទី១២ សីហា នៅទីក្រុង ញូវយ៉ក»ទេ។ តែថា
«តំណាងអចិន្រៃ្តយ៍រងរបស់ព្រះរាជាណាចក្រកម្ពុជា
ប្រចាំអង្គការសហប្រជាជាតិក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ»។
គណបក្សសង្គ្រោះជាតិបានបដិសេធមិនផ្តល់សេចក្តីលម្អិត
នៃកិច្ចប្រជុំនោះទេ
ហើយអ្វីដែលមាននៅក្នុងកិច្ចប្រជុំនោះនឹងជាយុទ្ធសាស្រ្ត
របស់គណបក្ស នៅពេលលោក សម រង្ស៊ី
អញ្ជើញមកដល់មាតុប្រទេសវិញនៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងការ តវ៉ាប្រឆាំងនឹងលទ្ធផលកាលពីថ្ងៃចន្ទ
គណបក្សប្រឆាំងកាលពីម្សិលមិញបានដាក់បណ្តឹងផ្លូវការទៅ គ.ជ.ប
ដោយអះអាងថា គណបក្សខ្លួនឈ្នះការបោះឆ្នោត ក្នុងចំនួនអាសនៈ ៦៣។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា
បណ្តឹងមួយគឺពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត
រីឯបណ្តឹងដទៃទៀតផ្តោតទៅលើករណីមិនប្រក្រតីនៃការបោះឆ្នោត។
លោកបន្តថា
ភាពសំខាន់ចំពោះបណ្តឹងទីពីរគឺតួនាទីនៃទម្រង់បោះឆ្នោត ១១០២ របស់
គ.ជ.ប ដែលបុគ្គលិកខ្លួនបានកត់ត្រាលទ្ធផលនៅការិយាល័យ
បោះឆ្នោតដែលមានលក្ខណៈសំខាន់ចំពោះភាពមិនប្រក្រតី។
លោកថ្លែងបន្តថា៖ «ប្រធាននឹងដាក់បណ្តឹងទីពីរ
តាងនាមឲ្យគណបក្សពាក់ព័ន្ធនឹងទម្រង់ ១១០២។ គ.ជ.ប
ត្រូវតែអនុញ្ញាតឲ្យមានការស៊ើបអង្កេតទៅលើទម្រង់ ១១០២»។
ក្រុមអ្នកសង្កេតការណ៍បាន សុំឲ្យមានការចេញទម្រង់ ១១០២ របស់
គ.ជ.ប ដែលអាចងាយស្រួលពិនិត្យភាពមិនប្រក្រតីជាមួយទម្រង់ ១១០៤
ដែលបំពេញនៅការិយាល័យបោះឆ្នោតនីមួយៗ
ដោយមន្រ្តីសង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយ។
មន្រ្តី ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន
បានប្រាប់អ្នកកាសែតនៅក្រៅទីស្នាក់ការ គ.ជ.ប ថា
គណបក្សប្រឆាំងចង់ឲ្យស្ថាប័នបោះឆ្នោតដែលគ្រប់គ្រងដោយរដ្ឋាភិបាល
ធ្វើការពិនិត្យយន្តការរបស់ខ្លួនឡើងវិញ។
លោកបន្តថា៖ «យើងត្រូវតែគោរពឆន្ទៈរបស់ប្រជាជនដែលបានបាត់បង់សិទ្ធិបោះឆ្នោត»។
គណបក្សសង្គ្រោះជាតិបន្តទាមទារឲ្យស្ថាប័ននេះ
រួមទាំងគណបក្សប្រជាជនកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិន
ប្រក្រតីនិងសុំឲ្យ គ.ជ.ប មានតួនាទីជាអ្នកសម្របសម្រួល។
លោក សុន ឆ័យ ថ្លែងថា
វាជាក់ស្តែងត្រូវតែបង្កើតគណៈកម្មការបែបនោះក្នុងរយៈពេល ២០
ថ្ងៃទៀតក្នុងនោះ គ.ជ.ប ត្រូវតែស៊ើបអង្កេតលើបណ្តឹង។
ប៉ុន្តែ ការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជានិង គ.ជ.ប បង្ហាញភាពអវិជ្ជមានចំពោះការស្នើបង្កើតគណៈកម្មការនោះ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងថា វាយឺតពេលណាស់ទៅហើយ មិនអាចបង្កើតគណៈកម្មការនេះបានទេ។
លោកថ្លែងថា៖ «ឥឡូវនេះ យើងបានចេញលទ្ធផលបឋមរួចហើយ។ ប្រសិនបើ
[គណបក្សសង្គ្រោះជាតិ] មិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ គ.ជ.ប
ខ្លួនអាចដាក់បណ្តឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបាន»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា
បានថ្លែងអះអាងជាដដែលៗ អំពីទស្សនៈរបស់លោកចំពោះការទាមទារនេះថា
គណៈកម្មការចម្រុះបែបនេះ អាចបង្កើតឡើងបានលុះត្រាតែ គ.ជ.ប
ដើរតួនាទីសំខាន់ជាងគេ៕ PS
0 comments:
Post a Comment