ការប្រកាស បែបនេះ ធ្វើឡើង នៅចំពោះមុខ អ្នកគាំទ្រ ជាច្រើន ពាន់នាក់ ដែលទៅចូលរួម ទទួលដំណើរ វិលត្រឡប់ របស់លោក។
មេដឹកនាំ គណបក្ស សង្គ្រោះជាតិ ប្រកាស ថា, លទ្ធផលឆ្នោត ពិតប្រាកដ ត្រឹមត្រូវ គឺ, គណបក្សនេះ ឈ្នះ គណបក្ស ប្រជាជនកម្ពុជា បើសិនជា គ.ជ.ប. មានជំហរ ឯករាជ្យ និងយុត្តិធម៌នោះ។ លោក សម រស្ស៊ី ប្រកាសថា, ចាប់ពីពេល លោក មានវត្តមាន នៅក្នុងស្រុក ពីពេលនេះទៅ លោក នឹងរៀបចំ ព្រឹត្តិការណ៍ច្រើន បែបយ៉ាង ដើម្បី ការពារជ័យជម្នះនេះ។
លោក បានពន្យល់ ទៅដល់ ក្រុមអ្នកគាំទ្រលោក ជាច្រើន ពាន់នាក់ ដែលបានទៅទទួល ស្វាគមន៍លោក វិលមក ពីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១៦ សីហា ថា, គ.ជ.ប. ប្រកាសថា គណបក្ស ប្រជាជន កម្ពុជា ទទួលបាន សំឡេងឆ្នោត ៣លាន ២សែននាក់, គណបក្ស សង្គ្រោះជាតិ បាន ២លាន ៩សែន សំឡេង, គឺ ចាញ់ គណបក្ស ប្រជាជន កម្ពុជា, ប៉ុន្តែ បញ្ហានេះ ដោយសារ គណបក្ស ប្រជាជន កម្ពុជា ឃុបឃិត ជាមួយ គ.ជ.ប. លួចបន្លំសន្លឹកឆ្នោត ពីបក្សសង្គ្រោះជាតិ ចំនួនជាង ១លានសំឡេង។
គ.ជ.ប. មិនទាន់ បែងចែក អាសនៈ ក្នុងរដ្ឋសភា សម្រាប់ គណបក្ស ដែលឈ្នះឆ្នោត នៅឡើយ។ ប៉ុន្តែ សង្គមស៊ីវិល ដែលធ្វើការ ពាក់ព័ន្ធ នឹងការបោះឆ្នោត បានស្រង់យក សំឡេងឆ្នោត បណ្ដោះអាសន្ន ដែលប្រកាស ដោយ គ.ជ.ប. នោះ យកទៅគណនា រកចំនួន អាសនៈ ឃើញថា, គណបក្ស ប្រជាជន កម្ពុជា ទទួលបាន ៦៨កៅអី, គណបក្ស សង្គ្រោះជាតិ បាន ៥៥កៅអី។ ចំនួននេះ ដូចគ្នា នឹងការប្រកាស ក្រៅផ្លូវការ របស់ គណបក្ស ប្រជាជន កម្ពុជា កាលពីថ្ងៃ ទី២៨ កក្កដា, គឺ នៅក្រោយ បោះឆ្នោត ចប់ភ្លាមៗ, ហើយ ថា, លទ្ធផលនោះ នឹងគ្មាន ការផ្លាស់ប្ដូរទេ។
ក៏ប៉ុន្តែ ថ្មីនេះ គណបក្ស សង្គ្រោះជាតិ រកឃើញ ថា, គណបក្សខ្លួន អាចទទួលបាន សំឡេងឆ្នោត យ៉ាងតិច ៦៣កៅអី, ឈ្នះគណបក្ស ប្រជាជន កម្ពុជា។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បដិសេធ សុំ មិនបកស្រាយ ជុំវិញ ការចោទប្រកាន់ របស់ មេដឹកនាំ បក្សប្រឆាំងនោះទេ។
ប៉ុន្តែ មន្ត្រីនាំពាក្យ នៃទីស្ដីការ គណៈរដ្ឋមន្ត្រី, លោក ផៃ ស៊ីផាន, មានប្រសាសន៍ ថា, ការឈ្នះ ឬចាញ់ មិនស្ថិត នៅលើ ការប្រកាស ដោយខ្លួនឯង នោះទេ, គឺ ត្រូវ ស្ថិតនៅលើ យន្តការច្បាប់ ដែលមាន គ.ជ.ប. ជាអាជ្ញាកណ្ដាល។
ប៉ុន្តែ អ្វី ដែលជាបញ្ហា ប្រឈម ធ្ងន់ធ្ងរ នៅពេលនេះ គឺ មានការចោទប្រកាន់ ថា, គ.ជ.ប. មិនឯករាជ្យ។ តែ គ.ជ.ប. តែងតែ បានច្រានចោល ចំពោះ ការចោទប្រកាន់ ទាំងនេះ ជាបន្តបន្ទាប់។
ក្នុងអំឡុងពេល នៃការតវ៉ា លើលទ្ធផល ឆ្នោតនេះ, លោក សម រង្ស៊ី ក៏បានប្រតិកម្ម ចំពោះ រដ្ឋាភិបាល ដែលបាន ចល័តកម្លាំងទ័ព ជុំវិញ ទីក្រុង ភ្នំពេញ។ សកម្មភាពនេះ លោក ចាត់ទុកថា, ជាការគំរាមកំហែង មួយធ្ងន់ធ្ងរ, ធ្វើ ឲ្យប្រជាពលរដ្ឋ មានការភិតភ័យ។
ឆ្លើយតប នឹងបញ្ហានេះ, លោក ឧត្ដមសេនីយ៍ឯក, ណឹម សុវត្ថិ, អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ កិច្ចការបរទេស នៃក្រសួង ការពារជាតិ កម្ពុជា បានឲ្យដឹង កាលពីថ្ងៃ ទី១៣ ខែសីហា ថា, គ្មានអ្វី ដែលគួរ ឲ្យពលរដ្ឋ ត្រូវ ព្រួយបារម្ភ ចំពោះ សកម្មភាពពង្រាយ កម្លាំងទ័ព របស់ រដ្ឋាភិបាលនេះទេ។ លោក ថា សកម្មភាពនេះ ជាការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ, កម្មកររោងចក្រ និងអ្នកធ្វើការ នៅកន្លែងផ្សេងៗ មួយចំនួន ខ្លះទៀត បានសុំច្បាប់ សម្រាក វិលទៅស្រុកវិញ មួយរយៈ ព្រោះ ខ្លាចមានផ្ទុះឡើង នូវមហាបាតុកម្ម និងមានអំពើហិង្សា បង្ក្រាបបាតុកម្មនោះ, នាំឲ្យមាន ភាពជ្រួលច្របល់ នៅពេល ដែលគណបក្ស ធំពីរ នៅតែ បន្តឈ្លោះគ្នា និងដណ្ដើមគ្នា ថា, ឈ្នះ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃ ទី២៨ កក្កដា កន្លងទៅ៕
9:59 PM
Unknown

